ឃើញទូរស័ព្ទគេស្អាត ចង់លយ បែរជាជាប់ខ្នោះ !
ខេត្តសៀមរាប : ជនសង្ស័យម្នាក់ដែលជានារីរូបស្រស់ស្អាត ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងជនរងគ្រោះ ពាក់ព័ន្ធនឹងករណ៍លួចទ្រព្យសម្បត្តិ។ ករណីនេះបានកើតឡើងកាលពីម៉ោង១១និង៤០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខេត្តសៀមរាប បានឲ្យសារព័ត៌មានកំណើតថ្មី ដឹងថា ជនសង្ស័យមានឈ្មោះ សុក ច័ន្ទស្រីមី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុំ មាតី ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិតាវៀន សង្កាត់សាលា កំរើក ក្រុងសៀមរាប មុខរបរលក់ដូរ។ ប្រភពដដែលបានបន្តទៀតថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកទូរស័ព្ទព្ទ១គ្រឿង ម៉ាក iphone6Plus ពណ៌ទឹកមាស សាកថ្មទុកចោលក្នុងបន្ទប់ ហើយអង្គុយមើលទូរទស្សន៍នៅមុខបន្ទប់។
ខណៈពេលនោះឲ្យមានឱកាសល្អ ជនសង្ស័យក៏បានឆ្លៀតឱកាសលួចបានសម្រេចតែម្តង។ ក្រោយពេលដែលចូលក្នុងបន្ទប់វិញជនរងគ្រោះមិនបានឃើញទូរស័ព្ទ ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។ មន្ត្រីអាវុធហត្ថបញ្ជាក់ថា ក្រោយឃាត់ខ្លួន ដកហូតបានទូរស័ព្ទដែលជនសង្ស័យលួចបាន ហើយប្រគល់ឲ្យម្ចាស់ដើមវិញ។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕
No comments